Rolls-Royce បង្ហាញ​វត្តមាន​ផ្លូវ​ការ​នៅ​កម្ពុជា

ភ្នំពេញៈ បន្ទប់​តាំង​បង្ហាញ​រថយន្ត​ប្រណីត​តម្លៃ​ខ្ទង់​លាន​ដុល្លារ​អាមេរិក Rolls-Royce បាន​បើក​ដំណើរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដ៏​ក្រីក្រ​មួយ កាល​ពី​ម្សិល​មិញ បន្ទាប់ពី​បាន​ការ​ប្រកាស​នាំ​ចូល​ផ្លូវ​ការ​កាល​ពី ខែ​មិថុនា ឆ្នាំ​មុន។
វត្តមាន​រថយន្ត​ប្រណីត​នេះ ត្រូវ​បាន​គេ​ព្យាករ​ពី​ភាព​វិជ្ជមាន​សម្រាប់​ទីផ្សារ​ដ៏​តូច​មួយ​នេះ។
តាម​សូចនាករ​របស់​ធនាគារ​ពិភពលោក​កាលពី ឆ្នាំ​២០១៣ ចំណូល​សម្រាប់​មនុស្ស​ម្នាក់​ក្នុង​មួយ​ឆ្នាំ​របស់​កម្ពុជា​មាន ១ ០០៦ ដុល្លារ។
កាល​ពី ខែ​មិថុនា ក្រុមហ៊ុន​រថយន្ត Rolls-Royce បាន​តែង​តាំង​ក្រុម​ហ៊ុន HGB Group Co Ltd ជា​ក្រុម​ហ៊ុន​ចែក​ចាយ​រថយន្ត Mazda និង Kia នៅ​កម្ពុជា ធ្វើ​ជា​ដៃគូ​ជា​ផ្លូវ​ការ។
ហាង​តាំង​បង្ហាញ​នេះ​មាន​ទំហំ ៥៤០ ម៉ែត្រ​ការ៉េ ស្ថិត​នៅ​តាម​ផ្លូវ​លេខ ២១៧។ រថយន្ត Rolls-Royce ម៉ូដែល Phantom ម៉ូ​ដែល Wraith និង Ghost ត្រូវ​បាន​តាំង​បង្ហាញ​ជាមួយ​នឹង​តម្លៃ​ចាប់​ផ្ដើម​ប្រហែល ៦៥០ ០០០ ដុល្លារ ដល់​ជាង ១ លាន​ដុល្លារ។ ក្រុម​ហ៊ុន​ក៏​បាន​បង្កើត​អគារ​ជួសជុល​នៅ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ផង​ដែរ។
លោក ចម ប្រសិទ្ធ រដ្ឋ​មន្ដ្រី​ក្រសួង​ឧស្សាហ​កម្ម​និង​សិប្បកម្ម​ចូល​រួម​បើក​សម្ពោធ​កាលពី​ថ្ងៃ​ម្សិល​មិញ​បាន​ថ្លែង​រិះគន់​ខ្លាំងៗ​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ក្រៅ​ប្រទេស​អំពី​ការ​នាំ​ចូល​រថយន្ត​ប្រណីត​ដូចជា Rolls-Royce មក​កាន់​កម្ពុជា ដោយ​លើក​ឡើង​ថា កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ផ្ដល់​ហេតុ​ផល​គ្រប់​គ្រាន់​សម្រាប់​វត្តមាន​នៃ​យីហោ​នេះ​នៅ​ក្នុង​ទីផ្សារ​រថយន្ត​កម្ពុជា។
លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​ធ្លាប់​និយាយ​ហើយ​កាលពី​ឆ្នាំ​មុន​ថា ស្ថានភាព​នៅ​កម្ពុជា​ឈាន​ដល់​ភាព​ទុំ​ជោរ​ក្នុង​ការ​នាំ​ចូល​រថយន្ត​ប្រភេទ​ប្រណីត​នេះ​ហើយ ដោយ​សារ​កំណើន​សេដ្ឋកិច្ច​របស់​យើង​កើន ៧ ភាគរយ​ជា​ប្រចាំ​ឆ្នាំ ហើយក៏​មាន​ការ​កើន​ឡើង​នៃ​វណ្ណៈ​កណ្តាល​មួយ​ដែល​មាន​លទ្ធភាព និង​ទ្រព្យ​សម្បតិ្ត​ច្រើន ដោយ​សារ​ការ​ប្រកប​អាជីវកម្ម ដែល​រកស៊ី​បាន​ចំណេញ​ច្រើន​ឬ​ដោយ​សារ​ដី​ឡើង​ថ្លៃ លក់​ដី​ក៏​បាន​ច្រើន​បាន​ពី​អាជីវកម្ម​ផ្សេងៗ​ទៀត​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​យើង​មាន​អ្នក​មាន​កាន់​តែ​ច្រើន»។
លោក​បន្ត​ថា៖ «សារ​ព័ត៌មាន​អន្តរជាតិ​ថា គ្មាន​ខ្មែរ​ណា​មាន​លុយ​ទិញ​រថយន្ត Rolls-Royce ទេ ប៉ុន្តែ​ខ្ញុំ​យក​ជើង​លេខ​នេះ​ទៅ​បង្ហាញ​អស់​លោក​ទៅ​ឃើញ​ហើយ។
ខ្មែរ​ក៏មាន​អ្នក​ក្រ ខ្មែរ​ក៏មាន​អ្នក​មាន​ដែរ។ នេះ​ជាទី​ផ្សារ​សេរី អ្នក​មាន​គេ​មាន​លទ្ធភាព​គេ​ទិញ​ទៅ អ្នក​ដែល​ក្រ​ខិតខំ​បន្ត​ទៀត»។
លោក​បន្ថែម​ថា កម្ពុជា​ជា​ប្រទេស​ដែល​បាន​កាត់​បន្ថយ​ភាព​ក្រីក្រ​លឿន​ជាង​គេ​ក្នុង​ពិភពលោក ក្នុង​ចំណោម ១០ ប្រទេស៖ «លឿន​ជាង​គេ​ហើយ​នៅ​មាន​គេ​ថា យើង​ជា​ប្រទេស​ក្រីក្រ​មិន​សម​នាំ​រថយន្ត​ទំនើបៗ​មក​កម្ពុជា​ទេ។ គេ​ថា ប្រហែល​ជា​គ្មាន​ខ្មែរ​ណា​មាន​លុយ​ទិញ​ទេ ប៉ុន្តែ​ឥឡូវ​ជាក់​ស្តែង​តាំង​ពី​ក្រុមហ៊ុន HGB GROUP បាន​ទទួល​សិទ្ធិ​ចែក​ចាយ​មក សួរ​ថា លក់​បាន​ប៉ុន្មាន​ហើយ​មិន​តិច​ជាង ២០ គ្រឿង​ទេ។ ល្បឿន​នេះ​លឿន​ជាង​ប្រទេស​ដទៃ​ក្នុង​ពិភពលោក​ផង»។
វត្តមាន​រថយន្ត​ប្រណីត​នេះ វា​បាន​បង្ហាញ​ពី​គម្លាត​ដ៏​សែន​ឆ្ងាយ​រវាង​អ្នក​មាន​និង​អ្នក​ក្រ​ក្នុង​ប្រទេស​ក្រីក្រ​មួយ។
ថ្លែង​ទៅ​កាន់​អ្នក​យក​សារ​ព័ត៌មាន​កាល​ពី​ម្សិល​មិញ លោក Temmy Wiradjaja អ្នក​គ្រប់​គ្រង​ទូទៅ​របស់​ក្រុមហ៊ុន Rolls-Royce Motor Cars Phnom Penh រំពឹង​ថា តម្រូវ​ការ​រថយន្ត Rolls-Royce នៅ​តែ​ខ្ពស់​សម្រាប់​ទីផ្សារ​កម្ពុជា។
លោក Pily Wong អនុ​ប្រធាន​សហព័ន្ធ​ឧស្សាហ​កម្ម​រថយន្ត​កម្ពុជា​ថ្លែង​ថា តួលេខ​លក់​រថយន្ត Rolls-Royce ២០ គ្រឿង​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ដូចជា​ប្រទេស​កម្ពុជា​គឺ «ការ​ភ្ញាក់​ផ្អើល​មួយ»។
លោក​បញ្ជាក់​ថា៖ «រថយន្ត ២០ គ្រឿង​គឺ​មិន​ច្រើន​នោះ​ទេ​បើ​ធៀប​នឹង​ទីផ្សារ​ធំៗ ប៉ុន្តែ​យើង​ត្រូវ​ចាំ​ថា រថយន្ត Rolls-Royce ជា​យីហោ​ពិសេស​បំផុត​សម្រាប់​ផ្គត់​ផ្គង់​ឲ្យ​អ្នក​មាន​ទ្រព្យ​ច្រើន។ ក្នុង​ប្រទេស​អភិវឌ្ឍន៍​មួយ លទ្ធផល​របស់​ពួកគេ​គឺ​ពិត​ជា​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ពិសេស​នៅ​កម្ពុជា»។
Rolls-Royce ជា​យីហោ​រថយន្ត​ប្រណីត​ចុង​ក្រោយ​ដែល​ចូល​មក​ក្នុង​ទីផ្សារ​រថយន្ត​ថ្មី​របស់​កម្ពុជា ដែល​រួម​ជាមួយ​នឹង​យីហោ BMW យីហោ Audi យីហោ Mercedes យីហោ Porsche យីហោ Land Rover និង​យីហោ Jaguar ៕

Comments

Popular posts from this blog

អ៊ីរ៉ង់​អាច​បង្កើន​ទិន្នផល​ប្រេង​ប្រចាំ​ថៃ្ង ១ លាន​ធុង

Microsoft គ្រោង​ចេញ​លក់ Window 10 ជំនាន់​ថ្មី​ក្នុង​ឆ្នាំ​នេះ

ចិន​ស្វាគមន៍​អាមេរិក​ចូល​រួម​ក្នុង​ធនាគារ​អភិវឌ្ឍន៍​ថ្មី