កម្ពុជាចាំបាច់អភិវឌ្ឍវិស័យអប់រំបែបវិទ្យាសាស្រ្ត
ក្នុងពិធីពិព័រណ៍វិទ្យាសាស្ត្រនិងវិស្វកម្មជាតិលើកដំបូងនៅកម្ពុជា កាលពីសប្តាហ៍មុន សិក្ខាកាមដែលបានចូលរួមកំពុងព្យាយាមប្រើប្រាស់មធ្យោបាយរបស់ខ្លួនផ្ទាល់ដើម្បីដោះស្រាយបញ្ហានៅទ្រឹងជាយូរមកហើយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ពោលគឺជំរុញឲ្យក្រុមយុវជនមានចំណាប់អារម្មណ៍នឹងវិស័យអប់រំផ្តោតលើលក្ខណៈវិទ្យាសាស្ត្រ។
ថ្លែងចេញពីអគារដ៏ធំមួយនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក Allen Tan អ្នកដឹកនាំរៀបចំកម្មវិធីនេះ បានឲ្យដឹងថា យើងនៅទីនេះ ដោយសារយើងជឿជាក់ថា ប្រទេសកម្ពុជានឹងងាកទៅរកអនាគត និងតម្រូវការអាជីពផ្នែក STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា)។
ដោយមានសិស្សជិតពាក់កណ្តាលនៃចំនួនសិស្សទាំងអស់ចូលរួម ឬស្មើនឹង ១១ ម៉ឺននាក់ដែលបានចូលសិក្សានៅសាកលវិទ្យាល័យ បច្ចុប្បន្នបានចុះឈ្មោះចូលរៀនផ្នែកទាក់ទងនឹងពាណិជ្ជកម្ម លំហូរទិន្នផលអប់រំនាពេលថ្មីៗនេះ គឺហាក់ដូចជាដើរមិនស្របជាមួយនឹងទស្សនវិស័យរបស់រដ្ឋាភិបាល ឬពួកគេអាចចាត់ទុកថា មិនត្រូវគ្នាជាមួយនឹងតម្រូវការផ្នែកសេដ្ឋកិច្ចនាពេលអនាគត ដែលមានគោលបំណងបង្កើនល្បឿនចូលក្នុងឧស្សាហកម្មកាន់តែជឿនលឿននោះ ដូចជាការដំឡើងគ្រឿងអគ្គិសនី ឬប្រេង និងឧស្ម័នជាដើម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កម្ពុជា បានឲ្យដឹងក្នុងសន្និសីទចក្ខុវិស័យកម្ពុជា ឆ្នាំ២០១៥ នៅភ្នំពេញកាលពីសប្តាហ៍មុននេះ ស្របពេលជាមួយគ្នានឹងការដាក់ឲ្យអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មថ្មីនៅកម្ពុជាថា៖ «បច្ចុប្បន្ន កំណើនសេដ្ឋកិច្ចរបស់កម្ពុជាពឹងផ្អែកលើវិស័យចាស់ៗ ដូចជា វិស័យកាត់ដេរ សម្លៀកបំពាក់ ទេសចរណ៍ សំណង់ និងកសិកម្ម ជាដើម»។
លោកបានថ្លែងបន្តថា៖ «ស្ថានភាពបែបនេះបានបង្ហាញថា វាជាការចាំបាច់ និងជាបន្ទាន់ក្នុងការធ្វើពិពិធកម្មចូលទៅក្នុងវិស័យថ្មី ជាពិសេសឧស្សាហកម្ម និងសិប្បកម្ម ដែលតម្រូវឲ្យមានការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ថែមទៀត»។
ទិន្នន័យដែលទទួលបានពីធនាគារពិភពលោកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅក្នុងការសិក្សាស្តីពីការងារចាប់ពី ឆ្នាំ២០១៤ មកបានបង្ហាញថា និស្សិតសាកលវិទ្យាល័យកម្ពុជា តិចជាង ៦ ភាគរយបានចុះឈ្មោះចូលរៀនមុខវិជ្ជាទាក់ទងនឹងវិទ្យាសាស្ត្រនេះ ដូចជាជីវវិទ្យា ឬវិស្វកម្ម ដោយ ៤៦ ភាគរយបានសិក្សាផ្នែកគណនេយ្យ ហិរញ្ញវត្ថុ ឬគ្រប់គ្រង។
របាយការណ៍នេះ បានឲ្យដឹងថា៖ «នៅកម្ពុជា ចំណែកខ្ពស់នៃនិស្សិតដែលបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រសង្គម កំពុងបង្ហាញក្តីបារម្ភថា ជំនាញនានាចាំបាច់ត្រូវជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា មានន័យថា វិទ្យាសាស្ត្រធម្មជាតិ នឹងមិនត្រូវបានបង្កើតឡើងទេ។
ស្ថានភាពបែបនេះ បានបង្ហាញពីបញ្ហាប្រឈមដ៏ធំមួយចំពោះប្រទេសមួយនេះ ខណៈដែលខ្លួនព្យាយាមសម្រេចគោលដៅ ដែលបានកំណត់ក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម [IDP] ដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីកាលពីសប្តាហ៍មុន។
ក្រោមគោលនយោបាយនេះ វិស័យឧស្សាហកម្មរបស់កម្ពុជា មានគោលបំណងបង្កើន ៣០ ភាគរយ នៃ ផ.ស.ស នៅ ឆ្នាំ២០២៥។
ប៉ុន្តែដើម្បីសម្រេចបានតាមគោលដៅនេះ កម្ពុជាចាំបាច់ត្រូវធ្វើពិពិធកម្មមូលដ្ឋាននាំចេញរបស់ខ្លួនពីវិស័យកាត់ដេរមករកវិស័យផលិតកម្មធុនស្រាល គ្រឿងអេឡិចត្រូនិក ការកែច្នៃអាហារ និងវិស័យផ្សេងទៀត ដែលត្រូវការបុគ្គលិកមានជំនាញខ្ពស់ និងការអប់រំកាន់តែប្រសើរ។
ជំហានដំបូងឆ្ពោះទៅរកវិស័យនេះ កាលពីខែមុន ក្រសួងអប់រំ យុវជន និងកីឡា បានឈប់ផ្តល់អាជ្ញាប័ណ្ណសម្រាប់មុខវិជ្ជាពាណិជ្ជកម្មថ្មីនៅតាមសាកលវិទ្យាល័យ ដើម្បីទប់ស្កាត់ការផ្គត់ផ្គង់និស្សិតផ្នែកពាណិជ្ជកម្មហួសកម្រិត។
លោក Ros Salin អ្នកនាំពាក្យក្រសួងនេះ បានឲ្យដឹងថា៖ «សាកលវិទ្យាល័យទាំងនោះ អាចលើកកម្ពស់គុណភាពអប់រំជំនួសវិញ»។
ប៉ុន្តែគ្រាន់តែការទប់ស្កាត់ចំនួននិស្សិតផ្នែកពាណិជ្ជកម្មនេះ មិនគ្រប់គ្រាន់សម្រាប់កម្ពុជាដើម្បីបង្កើនវិស័យផលិតកម្មមិនមែនកាត់ដេររហូតដល់ ១៥ ភាគរយនៃទំហំនាំចេញសរុបរបស់ប្រទេសនេះនៅ ឆ្នាំ២០១៥ ស្របតាម IDP នោះបានទេ។
ទន្ទឹមនឹងនោះដែរ លោក Salin មានប្រសាសន៍ថា ក្រសួងអប់រំគ្រោងនឹងបង្កើតសាលាបណ្តុះបណ្តាលវិជ្ជាជីវៈបីថែមទៀត ហើយវិនិយោគក្នុងវិស័យអប់រំវិទ្យាសាស្ត្រ និងស្រាវជ្រាវ តែកង្វះមូលនិធិមានន័យថា រដ្ឋាភិបាលកំពុងស្វែងរកដៃគូជាមួយនឹងវិស័យឯកជនឲ្យជួយ។
លោកមានប្រសាសន៍ទៀតថា៖ «ចំពោះរដ្ឋមន្ត្រីថ្មី យើងត្រូវមានភាពជាដៃគូវិនិយោគជាមួយនឹងក្រុមហ៊ុនឯកជន»។
លោកថ្លែងថា ក្រុមហ៊ុន Mineabea ជាក្រុមហ៊ុនដំឡើងគ្រឿងអេឡិចត្រូនិកឈានមុខគេរបស់ជប៉ុន នៅពេលនេះបានបង្កើនបុគ្គលិកដល់ ៧ ០០០ នាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងក្រុមហ៊ុនប្រេងសិង្ហបុរី KrisEnergy ដែលបច្ចុប្បន្នបានទិញភាគហ៊ុនរបស់ក្រុមហ៊ុន Chevron នៅក្នុងប្លុក A ក្រុមហ៊ុនទាំងពីរនេះកំពុងសាងសង់អគារបណ្ដុះបណ្ដាលដើម្បីកែលម្អលទ្ធផលអប់រំ។ លោកបានលើកឡើងថា៖ «បញ្ហាប្រឈមគឺការវិនិយោគ»។
លោក ឡេង ឧត្តម គឺជាវិស្វករស៊ីវិលនិងជាមន្ដ្រីបច្ចេកទេសនៅក្នុងកម្មវិធីជីវឧស្ម័នជាតិដែលជាកម្មវិធីរបស់រដ្ឋាភិបាលដែលជួយកសិករប្រែក្លាយជីអាចម៍សត្វទៅជាជីវម៉ាសនិងជាក្រុមហ៊ុនតាំងពិព័រណ៍មួយក្នុងចំណោមក្រុមហ៊ុនតាំងពិព័រណ៍ជាច្រើននៅក្នុងសន្និសីទនេះ។
លោក ឧត្តម បានថ្លែងថា និស្សិតជាច្រើនមិនចាប់អារម្មណ៍ខាងវិស្វកម្មទេដោយសារតែ «ពួកគេគិតថា វាពិបាកខ្លាំងពេក» និង «ការរកប្រាក់កាសមិនច្រើននោះទេ» ទោះបីជាលោកបានលើកឡើងពីការកើនឡើងអគារខ្ពស់ៗនៅទីក្រុងភ្នំពេញជាប្រភពនៃឱកាសសម្រាប់ការចាប់ផ្ដើមអភិវឌ្ឍវិស្វកម្មក៏ដោយ។
លោក Allen Tan ស្ថាបនិកសន្និសីទនេះបានលើកឡើងពីការធ្វើសមាហរណកម្មអាស៊ានថា ជាហេតុផលនៃការជំរុញដើម្បីចាប់ផ្ដើម «បញ្ហាប្រឈមធនធានមនុស្សដ៏ធំ» របស់ប្រទេសកម្ពុជា។
លោកបានបញ្ជាក់ថា នៅពេលអនាគត រោងចក្រជាច្រើននឹងចូលមកក្នុងប្រទេសកម្ពុជា អាចជួលវិស្វករកម្ពុជាឲ្យត្រួតពិនិត្យប្រតិបត្តិការ ជំនួសវិស្វករបរទេស។ លោកថា៖ «វិស្វករកម្ពុជាអាចប្រកួតប្រជែងបាន ប៉ុន្តែនៅតែទទួលបានប្រាក់ខែទាបជាងគេ»។
លោក Jayant Menon សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅ ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បានថ្លែងថា នៅក្នុងរយៈពេលខ្លី AEC អាចផ្ដល់ឱកាសសម្រាប់ប្រទេសកម្ពុជាដើម្បីបំពេញគម្លាតជំនាញរបស់ខ្លួនតាមរយៈការធ្វើវាឲ្យកាន់តែងាយស្រួលក្នុងការជួលវិស្វករដែលមានការបណ្ដុះបណ្ដាលល្អប្រសើរមកពីតំបន់នេះ។
ប៉ុន្តែលោកបានថ្លែងថា អត្ថប្រយោជន៍ក្នុងរយៈពេលខ្លីណាមួយនឹងចាំបាច់ត្រូវបានធ្វើឡើងជាមួយនឹងការវិនិយោគដ៏សំខាន់។
លោក Jayant បន្តថា៖ «នៅក្នុងរយៈពេលខ្លី (ប្រទេសកម្ពុជា) គឺចាំបាច់ត្រូវបង្កើនការវិនិយោគខាងមូលធនមនុស្ស តាមរយៈការបញ្ជូននិស្សិតឲ្យកាន់តែច្រើនទៅគ្រឹះស្ថានមានគុណភាពនៅក្រៅប្រទេសខណៈជាមួយគ្នានេះក៏នឹងធ្វើការកែលម្អគុណភាពបណ្ដុះបណ្ដាលនៅក្នុងប្រទេសផងដែរ»៕
Comments
Post a Comment