ចិន​ស្វាគមន៍​អាមេរិក​ចូល​រួម​ក្នុង​ធនាគារ​អភិវឌ្ឍន៍​ថ្មី

ក្រុង​ប៊ែរឡាំងៈ លោក Shi Yaobin អនុ​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​ចិន បាន​ប្រាប់​សារ​ព័ត៌មាន អាល្លឺម៉ង់​ថា ប្រទេស​របស់​លោក​នឹង​ស្វាគមន៍​តួនាទី​របស់​អាមេរិក​ក្នុង​ធនាគារ​អន្តរជាតិ​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​ការ​លើក​ឡើង​នេះ​បាន​ធ្វើ​ឡើង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​របស់​ចិន​បាន​ពិពណ៌នា​រដ្ឋាភិបាល ក្រុង​វ៉ាស៊ីនតោន ថា​ឆាប់​មួម៉ៅ និង​មាន​ការ​សង្ស័យ​ជ្រុល​ពេក។
លោក Shi បាន​ប្រាប់​សារ​ព័ត៌មាន​ប្រចាំ​ថ្ងៃ Handelsblatt ក្នុង​បទ​សម្ភាស​មួយ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «យើង​ស្វាគមន៍​អាមេរិក​ក្នុង​ការ​ចូល​រួម​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​អាស៊ី (AIIB)»។
សហរដ្ឋ​អាមេរិក​យល់​ថា ធនាគារ AIIB ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​មាន​ដើម​ទុន​ចំនួន ៥០ ពាន់​លាន​ដុល្លារ​នេះ​គឺជា​ការ​គំរាម​កំហែង​ចំពោះ​ធនាគារ​ពិភពលោក​ដែល​ដឹក​នាំ​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។
លោក Shi មាន​ប្រសាសន៍​ថា៖ «ធនាគារ​ថ្មី​នេះ​នឹង​ដើរ​តួនាទី​គាំទ្រ​បន្ថែម​ដ៏​សំខាន់​មួយ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អន្តរជាតិ​ផ្សេង​ទៀត»។ នេះ​បើ​យោង​តាម​ការ​ដក​ស្រង់​ព័ត៌មាន​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ។
អនុ​រដ្ឋ​មន្ត្រី​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា៖ «សម្រាប់​ធនាគារ AIIB យើង​ចង់​ដឹង​អំពី​វិធី​ដែល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អន្តរជាតិ​ទាំង​នេះ​ធ្វើ​ការ ហើយ​បើ​អាច​ទៅ​រួច យើង​នឹង​មាន​លទ្ធភាព​ចាប់​យក​គំរូ​ល្អៗ​របស់​គ្រឹះស្ថាន​ទាំង​នោះ»។
លោក​បាន​បន្ត​ថា៖ «គំរូ​ទាំង​នោះ​គឺ​សំដៅ​ចំពោះ​ស្តង់ដារ​បរិស្ថាន​ច្បាប់​អភិបាលកិច្ច និង​ការ​អនុវត្ត​ការ​ទិញ​ល្អៗ​មួយ​ចំនួន​ទៀត»។
ការ​ថ្លែង​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​បារាំង អាល្លឺម៉ង់ និង​អ៊ីតាលី កាល​ពី​ថ្ងៃ​អង្គារ​បាន​ប្រកាស​ឡើង​ពី​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ដើម្បី​ក្លាយ​ជា​សមាជិក​ស្ថាបនិក​របស់​ធនាគារ AIIB នេះ៕

Comments

Popular posts from this blog

អ៊ីរ៉ង់​អាច​បង្កើន​ទិន្នផល​ប្រេង​ប្រចាំ​ថៃ្ង ១ លាន​ធុង

Microsoft គ្រោង​ចេញ​លក់ Window 10 ជំនាន់​ថ្មី​ក្នុង​ឆ្នាំ​នេះ