Microsoft គ្រោង​ចេញ​លក់ Window 10 ជំនាន់​ថ្មី​ក្នុង​ឆ្នាំ​នេះ

ក្រុង​រ៉េដម៉ុងៈ ក្រុម​ហ៊ុន Microsoft Corp ដែល​កំពុង​កែប្រែ​កម្មវិធី​សូហ្វវែរ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្នុង​ទីផ្សារ​មួយ​ដែល​គ្រប់​គ្រង​ដោយ​កុំព្យូទ័រ​ចល័ត​នោះ​បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​របស់​ខ្លួន​គ្រោង​នឹង​ចេញ​កម្មវិធី Windows 10 ជំនាន់​ថ្មី​នៅ​ក្នុង​ប្រទេស​ចំនួន ១៩០ នៅ​រដូវ​ក្តៅ​ក្នុង​ឆ្នាំ​នេះ។
ក្រុម​ហ៊ុន​នេះ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចំ​ពេល​មាន​ការ​រៀបចំ​សន្និសីទ​ស្តី​ពី​សហគមន៍​វិស្វកម្ម​ហាដវែរ Windows របស់​ខ្លួន​នៅ ទីក្រុង​ហ្សិនជិន ក្នុង ប្រទេស​ចិន ថា កម្មវិធី​សូហ្វវែរ​នេះ​នឹង​ត្រូវ​ចេញ​លក់​ជា ១១១ ភាសា។ កម្មវិធី​នេះ​នឹង​មាន customizations នៃ Windows 10 មួយ​ចំនួន សម្រាប់​ទីផ្សារ​ប្រទេស​ចិន ដូចជា​កម្មវិធី​ជំនួយការ​ផ្ទាល់ Cortana ជា​ភាសា​ចិន​ផង​ដែរ។
ក្រុម​ហ៊ុន Microsoft ដែល​បាន​ដាក់​បង្ហាញ​កម្មវិធី Windows 10 ដំបូង​កាល​ពី​ខែ​កញ្ញា បាន​ឲ្យ​ដឹង​ថា ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ​នឹង​ដាក់​លក់​នៅ​ពេល​ណា​មួយ​ក្នុង​ឆ្នាំ​នេះ។ កម្មវិធី Windows 10 មាន​កម្មវិធី​ស្វែង​រក​គេហទំព័រ​ថ្មី​មួយ ដែល​នឹង​ជំនួស​ឲ្យ​កម្មវិធី Internet Explorer សម្រាប់​អតិថិជន​ភាគ​ច្រើន។
ក្រុមហ៊ុន IDC បាន​ឲ្យ​ដឹង​កាល​ពី​សប្តាហ៍​មុន​នេះ​ថា ការ​នាំ​ចេញ​កុំព្យូទ័រ​ផ្ទាល់​ខ្លួន​អាច​នឹង​ធ្លាក់​ចុះ ៤,៩ ភាគរយ​នៅ​ឆ្នាំ​នេះ ពោលគឺ​ខ្ពស់​ជាង​ការ​ព្យាករ​របស់​ក្រុម​ហ៊ុន​ស្រាវ​ជ្រាវ​មួយ​នេះ​នា​ពេល​កន្លង​មក។
កាល​ពី​សប្តាហ៍​មុន ក្រុម​ហ៊ុន​ផលិត​បន្ទះ​ឈីប​ធំ​ជាង​គេ​របស់​ពិភពលោក​គឺ​ក្រុម​ហ៊ុន Intel Corp បាន​ទម្លាក់​ការ​ព្យាករ​របស់​ខ្លួន​ចំពោះ​ការ​លក់​នៅ​ត្រីមាស​ទីមួយ ដោយ​លើក​ឡើង​ពី​តម្រូវ​ការ​ទាប​ពី​អតិថិជន​ជា​សាជីវកម្ម។
កាល​ពី ខែ​មករា ក្រុម​ហ៊ុន Microsoft ក៏​បាន​ប្រកាស​ពី​កម្មវិធី​សូហ្វវែរ​មួយ​ផង​ដែរ​ដែល​មាន​ឈ្មោះ​ថា Windows Holographic និង​ឧបករណ៍​ដែល​មាន​ភ្ជាប់​កញ្ចក់​មួយ​ឈ្មោះ​ថា HoloLens ដែល​នឹង​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​មើល​ឃើញ​រូបភាព 3D ស្រប​ពេល​នោះ​ដែល​អាច​តាម​ដាន​សំឡេង ចលនា និង​បរិយាកាស​ជុំវិញ​អ្នក​ប្រើ​ប្រាស់​ផង​ដែរ។
ក្រុម​ហ៊ុន Microsoft បាន​ឲ្យ​ដឹង​ថា ឧបករណ៍​កញ្ចក់​នេះ នឹង​មាន​លក់​ក្នុង​ពេល​ដំណាល​គ្នា​នឹង​កម្មវិធី Windows 10។
ក្រុម​ហ៊ុន Microsoft ក៏​មាន​បំណង​កែ​ប្រែ​កម្មវិធី Windows ស៊េរី​មុនៗ​ដូច​ជា​កម្មវិធី Windows 8 ផង​ដែរ។ ក្រុម​ហ៊ុន​ដែល​មាន​មូលដ្ឋាន​ទីក្រុង​រ៉េដម៉ុង មួយ​នេះ បាន​ប្រឈម​នឹង​ភាព​មិន​សប្បាយ​ចិត្ត​ពី​សំណាក់​អតិថិជន​ជា​ក្រុមហ៊ុន​ដែល​យល់​ថា ការ​បង្កើត​កម្មវិធី​ថ្មី​របស់​កម្មវិធី Windows នេះ​ពិបាក​ប្រើ៕

Comments

Popular posts from this blog

អ៊ីរ៉ង់​អាច​បង្កើន​ទិន្នផល​ប្រេង​ប្រចាំ​ថៃ្ង ១ លាន​ធុង

ចិន​ស្វាគមន៍​អាមេរិក​ចូល​រួម​ក្នុង​ធនាគារ​អភិវឌ្ឍន៍​ថ្មី