FDI អាស៊ានច្រើនជាងចិនជាលើក ទី២
ក្រុងហ្សាការតាៈ ប្រទេសដែលមានសេដ្ឋកិច្ចធំៗនៅតំបន់អាស៊ីអាគ្នេយ៍បានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបរួមគ្នាច្រើនជាងប្រទេសចិន ក្នុងរយៈពេលពីរឆ្នាំជាប់គ្នានៅ ឆ្នាំ២០១៤ ខណៈកំណើនវិនិយោគផ្ទាល់ពីបរទេសនៅប្រទេសចិន បានធ្លាក់ចុះ។ តែបើគិតតាមប្រទេសនីមួយៗវិញ លំហូរចូលវិនិយោគផ្ទាល់ពីបរទេសនៅក្នុងតំបន់នេះគ្មានតុល្យភាពនោះទេ ដោយបានប្រែប្រួលតាមការផ្លាស់ប្តូរនយោបាយ និងការចំណាយផ្សេងៗលើការធ្វើអាជីវកម្ម។
យោងតាមការព្យាករដែលសារព័ត៌មាន Thomson Reuters ទទួលបាន បានបង្ហាញថា ការវិនិយោគផ្ទាល់ពីបរទេសសរុបនៅប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម បានកើនឡើងដល់កម្រិតខ្ពស់បំផុតមួយគឺ ១២៨ ពាន់លានដុល្លារនៅ ឆ្នាំ២០១៤ ពោលគឺខ្ពស់ជាងការវិនិយោគផ្ទាល់ពីបរទេសដែលហូរចូលប្រទេសចិន ដែលមានចំនួនតែ ១១៩,៥៦ ពាន់លានដុល្លារ។
ការវិនិយោគផ្ទាល់ពីបរទេសនៅប្រទេសហ្វីលីពីន បានកើនឡើងខ្ពស់បំផុត ៦៦ ភាគរយ ខណៈនៅប្រទេសថៃ ដែលយោធាបានដណ្តើមអំណាចកាលពីឆ្នាំមុននោះ លំហូរចូលវិនិយោគផ្ទាល់ពីបរទេសបានធ្លាក់ចុះ។ ការវិនិយោគផ្ទាល់ពីបរទេសនៅប្រទេសឥណ្ឌូនេស៊ី ដែលមានសេដ្ឋកិច្ចធំជាងគេនៅតំបន់នេះ បានកើនឡើងប្រមាណ ១០ ភាគរយ បើទោះជាវាជាឆ្នាំបោះឆ្នោតក្តី។
ក្រុមសេដ្ឋវិទូបានឲ្យដឹងថា ដោយសារវិស័យផលិតកម្មដែលមានបញ្ហានៅប្រទេសចិន កំពុងបាត់បង់សន្ទុះ ក្រុមហ៊ុននៅប្រទេសចិន នឹងបណ្តាក់ទុនរួមគ្នានៅបរទេសដើម្បីកាត់បន្ថយចំណាយប្រតិបត្តិការ និងស្វែងរកទីផ្សារថ្មី។ ប្រទេសដែលមានវិស័យផលិតកម្មធំៗនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ គួរប្រុងប្រយ័ត្ន។
លោក Dan Martin សេដ្ឋវិទូប្រចាំក្រុមហ៊ុន Capital Economics បានថ្លែងថា៖ «កំណើនប្រាក់ឈ្នួលនៅប្រទេសចិន កំពុងជំរុញឲ្យក្រុមហ៊ុនផលិតកម្មតូចៗសម្លឹងរកមើលទីតាំងថ្មីៗដែលចំណាយទាបសម្រាប់រោងចក្ររបស់ពួកគេ ដោយប្រទេសនានាដូចជា វៀតណាម និងហ្វីលីពីន ទំនងជាជម្រើសដ៏ទាក់ទាញមួយ»។
លោកបានបន្ថែមថា៖ «អាស៊ានក៏ជាទីផ្សារធំមួយផងដែរសម្រាប់ខ្លួនឯង ហើយជាទីផ្សារមួយដែលមានចក្ខុវិស័យកំណើនរយៈពេលវែងដ៏ល្អ។ ដោយសារការធ្លាក់ចុះសេដ្ឋកិច្ចទូទៅក្នុងតំបន់កំពុងស្ទុះងើបខ្លាំងផ្សេងទៀតក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ អាស៊ានចាប់ផ្តើមងើបឈរឡើង»។
ប្រទេសហ្វីលីពីន ដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនខ្លាំងទីពីរនៅតំបន់អាស៊ីនេះ កំពុងទាក់ទាញក្រុមវិនិយោគិនជាមួយនឹងមូលដ្ឋានសេដ្ឋកិច្ចដ៏រឹងមាំរបស់ខ្លួន។ តែក្តីបារម្ភមួយគឺជាការបន្តអនុវត្តគោលនយោបាយសេដ្ឋកិច្ច បន្ទាប់ពីការបោះឆ្នោត ឆ្នាំ២០១៦ ខាងមុខនេះ។
ស្ថានភាពនេះបង្ហាញថា ការសម្រេចវិនិយោគខ្លះអាចនឹងត្រូវពន្យារពេល។ ការធ្លាក់ចុះតម្លៃទំនិញ អាចកាត់បន្ថយលំហូរចូលវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលសម្បូរធនធានរ៉ែ ហើយក៏កាន់តែធ្លាក់ចុះផងដែរនៅប្រទេសម៉ាឡេស៊ី៕
Comments
Post a Comment